សួស្ដីបងប្អូនទាំងអស់គ្នា! សូមអរគុណសម្រាប់ការចំណាយពេលចូលមកទំព័រនេះដើម្បីស្វែងយល់បន្ថែមអំពីលក្ខខណ្ឌនៃការប្រើប្រាស់។ ពួកយើងបានបង្កើតកម្មវិធីសម្រាប់ការប្រើប្រាស់លើទូរស័ព្ទដៃផ្ទាល់ខ្លួនដែលផ្ដល់ឲ្យបងប្អូននូវសេវាកម្មដែលជាការជំនួយ ឬបង្វឹកលើខ្លួនឯងដោយផ្ទាល់មកចូលរួមតាមរយៈការទស្សនាវីដេអូនៃវគ្គសិក្សាបំប៉នបន្ថែម ដើម្បីឆ្ពោះទៅភាពជោគជ័យផ្ទាល់ខ្លួន។ បងប្អូនអាចធ្វើការសិក្សាជាប្រចាំនឹងអាចធ្វើការបញ្ជាទិញ មេរៀនបន្ថែមពីមួយទៅមួយ។ "E-School Cambodia" គឺជាឈ្មោះនៃកម្មវិធីទូរស័ព្ទដៃ ដែលបងប្អូនអាចទទួលបាននូវមាតិកានៃមេរៀនសម្រាប់ការសិក្សាបន្ថែម ទៅលើចំណេះដឹងទូទៅ និងថ្នាក់ភាសាបរទេស ដើម្បីឲ្យការសិក្សារបស់បងប្អូនកាន់តែមានប្រសិទ្ធភាពជាងមុន។ ជាថ្មីម្ដងទៀតយើងសូមអរគុណចំពោះការអាននិងស្វែងយល់អំពីយើង។
ការយល់ស្របជាមួយលក្ខខណ្ឌនៃការប្រើប្រាស់
លក្ខខណ្ឌនៃការប្រើប្រាស់នេះរៀបរាប់អំពីការណែនាំក្នុងការប្រើប្រាស់នូវកម្មវិធីទូរស័ព្ទនេះ។ តាមរយៈការចូលប្រើប្រាស់នូវកម្មវិធីទូរស័ព្ទដៃនេះ គឺបងប្អូនយល់ស្របទៅតាមលក្ខខណ្ឌនៃការប្រើប្រាស់របស់យើង។ ប្រសិនបើបងប្អូនមិនទាន់យល់ស្របជាមួយលក្ខខណ្ឌនៃការប្រើប្រាស់របស់យើងទេសូមបងប្អូនកុំបន្តទៅមុខទៀត។ កម្មវិធីលើទូរស័ព្ទដៃ E-School Cambodia ដែលមានសេវាកម្មផ្សេងៗនូវខាងក្នុងត្រូវបានផ្ដល់ជូនដោយក្រុមហ៊ុន E-SCHOOL (CAMBODIA) CO.,LTD។
ការកែប្រែនូវលក្ខខណ្ឌនៃការប្រើប្រាស់
អ្វីៗក៏ដោយតែងតែមានការប្រែប្រួលហើយយើងក៏ដូច្នោះដែរ។ ការពិតទៅវាមានន័យថាយើងអាចនឹងធ្វើការកែប្រែនូវលក្ខខណ្ឌនៃការប្រើប្រាស់ដែលរួមទាំងគោលការណ៍នៃសិទ្ធិឯកជននិងកិច្ចព្រមព្រៀងដទៃទៀតទៅតាមភាពជាក់ស្ដែងរបស់យើង។ ប៉ុន្តែនៅពេលដែលយើងពិតជាចាំបាច់ត្រូវធ្វើការកែប្រែនូវលក្ខខណ្ឌនៃការប្រើប្រាស់មែននោះ យើងដាច់ខាតនឹងជម្រាបជូនបងប្អូនឲ្យបានជ្រាបតាមរយៈកម្មវិធីទូរស័ព្ទដៃនេះផ្ទាល់ខ្លួន ឬតាមសារអេឡិចត្រូនិកជាដើម(ប្រសិនបើមាន)។ រីឯការកែប្រែថ្មីទាំងនោះនឹងចាប់មានសុពលភាពភ្លាមៗតែម្ដង។ ដូច្នេះហើយ បន្ទាប់ពីមានការកែប្រែកើតឡើងហើយបងប្អូននៅតែបន្តស្រលាញ់យើង ក្នុងការប្រើប្រាស់កម្មវិធីទូរស័ព្ទដៃនេះដដែល មានន័យថាបងប្អូនទទួលស្គាល់ និងបន្តយល់ស្របជាមួយការផ្លាស់ប្ដូរនោះ ហើយយើងក៏សូមអរគុណជាថ្មីម្ដងទៀតទុកជាមុន។
ការប្រាស្រ័យទាក់ទងគ្នា
តាមរយៈការប្រើប្រាស់កម្មវិធី E-School Cambodia លើទូរស័ព្ទ បងប្អូនបានយល់ស្រប ក្នុងការទទួលបាននូវការធ្វើទំនាក់ទំនង ទៅកាន់តាមរយៈការផ្ញើសារអេឡិចត្រូនិក សារជូនដំណឹង ឬទូរស័ព្ទដែលពាក់ព័ន្ធទៅនឹងព័ត៌មានអំពីគណនីរបស់បងប្អូននៅក្នុងកម្មវិធីទូរស័ព្ទដៃនេះ។ យើងអាចនឹងធ្វើការទាក់ទងទៅបងប្អូន ដើម្បីណែនាំអំពីរបៀបប្រើប្រាស់ ការពន្យល់អំពីអត្ថប្រយោជន៍ដទៃទៀតដែលមាននៅក្នុងកម្មវិធី ឬដើម្បីបង្ហាញបងប្អូនពីរបៀបនៃការទូទាត់នៃការចូលរួមជាសមាជិកភាព។ល។
គោលការណ៍នៃសិទ្ធិឯកជន
ព័ត៌មានដែលបងប្អូនផ្ដល់មកឲ្យយើង ដែលជាព័ត៌មានអំពីអត្តសញ្ញាណរបស់បងប្អូន អនុលោមទៅតាមគោលការណ៍នៃសិទ្ធិឯកជន ដែលជាលក្ខខណ្ឌបន្ថែម ហើយមានចែងលម្អិតក្នុងទំព័រ "គោលការណ៍នៃសិទ្ធិឯកជន"។
សមាជិកភាពនិងការទូទាត់
៥.១ សមាជិកភាព
បងប្អូនត្រូវភ្ជាប់គណនីនៅក្នុងកម្មវិធី ដោយត្រូវមានអ៊ិនធឺណែត និងត្រូវធ្វើការទូទាត់តាមរយៈមធ្យោបាយណាមួយ ដែលយើងមានឲ្យជ្រើសរើស ដើម្បីក្លាយទៅជាសមាជិករបស់កម្មវិធីទូរស័ព្ទ E-School Cambodia។ យើងនឹងធ្វើការគិតប្រាក់សមាជិកភាព នៅដើមគ្រានៃការចូលជាសមាជិក ហើយផ្ដល់ជូនសមាជិកភាពសម្រាប់រយៈពេល១ឆ្នាំ ឬ៣៦៥ថ្ងៃ គិតចាប់ពីថ្ងៃដែលមធ្យោបាយទូទាត់ត្រូវបានជ្រើសរើស និងដំណើរការដោយជោគជ័យ។ ក្រោយពីសមាជិកភាពអស់សុពលភាព បងប្អូនត្រូវធ្វើការជ្រើសរើសចូលជាសមាជិកសារជាថ្មីម្ដងទៀតដោយខ្លួនឯង។ យើងនឹងមិនធ្វើការគិតប្រាក់ពីបងប្អូនដោយបងប្អូនមិនបានជ្រាបជាមុននោះឡើយ។
៥.២ ភាពជាអ្នកប្រើប្រាស់ធម្មតា
ជាទូទៅបងប្អូនដែលទាញយកកម្មវិធីទូរស័ព្ទដៃ E-School Cambodia ពីកម្មវិធីលើប្រព័ន្ធប្រតិបត្តិការណាមួយ (iOS App Store ឬ Android Play Store) អាចចុះឈ្មោះចូលប្រើប្រាស់កម្មវិធីយើងដោយមិនមានតម្រូវឲ្យបង់ប្រាក់អ្វីនោះទេ។ បងប្អូនអាចចូលជាសមាជិកភ្លាមៗបន្ទាប់ពីទាញយកកម្មវិធីយើងបានហើយ ហើយគ្រាន់តែបងប្អូនទាញយកកម្មវិធីយើងដោយឥតគិតថ្លៃ បងប្អូនទទួលបានមេរៀនល្អៗមួយចំនួនរួចជាស្រេចបាត់ទៅហើយ ហើយយើងពិតជាផ្ដល់ជូនដោយឥតគិតថ្លៃពិតមែន (Free)។
៥.៣ ការគិតប្រាក់
ក) ការគិតប្រាក់ជាប្រចាំឆ្នាំ
នៅពេលដែលបងប្អូនសម្រេចចិត្តចូលជាសមាជិក និងបានបញ្ចូលព័ត៌មានអំពីមធ្យោបាយទូទាត់ បងប្អូនអនុញ្ញាតឱ្យយើងធ្វើការគិតប្រាក់ពីបងប្អូន ទៅតាមចំនួនដែលបានបង្ហាញ និងព្រមព្រៀងដោយបងប្អូន សម្រាប់តែមួយគ្រានោះតែប៉ុណ្ណោះ។ គម្រោងនៃសមាជិកភាពរបស់យើង គឺសម្រាប់១២ខែ ដែលយើងនឹងធ្វើការគិតប្រាក់តែ១ដងសម្រាប់១២ខែ ហើយយើងមិនធ្វើការគិតប្រាក់ជាថ្មីម្ដងទៀតនៅចុងគ្រាដោយស្វ័យប្រវត្តិ នោះឡើយ។
ខ) បម្រែបម្រួលនៃថ្លៃ
យើងរក្សាសិទ្ធិក្នុងការកែប្រែតម្លៃនៃសេវាកម្មរបស់យើង ទៅតាមភាពចាំបាច់ជាក់ស្ដែងរបស់យើង។ រាល់ការកែប្រែនៃតម្លៃនឹងចាប់មានប្រសិទ្ធភាពភ្លាម បន្ទាប់ពីការប្រកាសព័ត៌មានត្រូវបានផ្សាយចេញ។ ទោះជាយ៉ាងណាក៏ដោយយើងនឹងជម្រាបបងប្អូនឲ្យជ្រាបជាមុន។
គ) ការស្នើសុំប្ដូរជាប្រាក់ត្រឡប់ទៅវិញ
រាល់ការទូទាត់នានាដែលបានសម្រេចទៅហើយ នោះមិនអាចប្ដូរជាប្រាក់ ឬជាឥណទានក្នុងរូបភាពណាផ្សេងនោះឡើយ។ យើង(ក្រុមការងារ)ក៏មិនមានតួនាទីឬបន្ទុក ក្នុងការដាក់ពាក្យស្នើសុំឱ្យមានការលើកលែង ឬការប្ដូរជាប្រាក់ឬឥណទានជូនបងប្អូននោះឡើយ។
ឃ) ការបោះបង់សមាជិកភាព
នៅពេលដែលបងប្អូនចូលជាសមាជិក នៃកម្មវិធីទូរស័ព្ទដៃ E-School Cambodia រួចហើយ បងប្អូនមិនអាចបោះបង់ឬលុបចោលគម្រោងនោះ ដើម្បីស្នើសុំប្ដូរជាប្រាក់វិញនោះទេ។ យើងប្ដេជ្ញាក្នុងការបម្រើ សេវាកម្មជូនបងប្អូនឲ្យបានល្អបំផុត។ ប្រសិនបើបងប្អូនមានការមិនពេញចិត្តដោយប្រការណាមួយ យើងទទូចសុំឱ្យបងប្អូនផ្ដល់ដំណឹងមកយើង ដើម្បីឲ្យយើងអាចដោះស្រាយជូនបងប្អូន។
ការប្រើប្រាស់
កម្មវិធីទូរស័ព្ទដៃ E-School Cambodia មិនកម្រិតនូវអាយុនៃអ្នកប្រើប្រាស់នោះទេ។ បងប្អូនប្រជាជនកម្ពុជាដែលអាចស្ដាប់យល់នូវភាសាខ្មែរ ហើយបំណងចង់បន្តចំណេះដឹងខ្លួនឯងបន្ថែម អាចប្រើប្រាស់កម្មវិធីយើងបានទាំងអស់។ អ្វីដែលសំខាន់គឺបងប្អូនត្រូវមានទូរស័ព្ទដៃ ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដំឡើងនូវកម្មវិធីនេះ ហើយត្រូវមានការតភ្ជាប់ទៅកាន់ប្រព័ន្ធអ៊ីនធឺណិតផងដែរ។ ការប្រើប្រាស់ទិន្នន័យអ៊ីនធឺណិតគឺជាចំណាយផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់។
មេរៀននិងទិន្នន័យផ្សេងៗដែលមាននៅក្នុងកម្មវិធីទូរស័ព្ទដៃ E-School Cambodia នេះគឺអនុញ្ញាតឱ្យប្រើប្រាស់សម្រាប់តែការរៀន និងអភិវឌ្ឍន៍ខ្លួនបន្ថែមតែប៉ុណ្ណោះ។ ហាមធ្វើការទាញយក ការថតជាវីដេអូ ឬជាសំឡេង និងហាមនូវរាល់ការថតចម្លងតាមគ្រប់បច្ចេកទេសនានា ក្នុងគោលបំណងចែកចាយបន្ត ឬយកទៅធ្វើអាជីវកម្មផ្ទាល់ខ្លួន ជាដាច់ខាត។ រាល់ទិន្នន័យទាំងអស់ដែលមាននៅក្នុងកម្មវិធីទូរស័ព្ទដៃនេះ គឺជាទ្រព្យកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុន E-SCHOOL (CAMBODIA) CO.,LTD ដែលត្រូវបានការពារដោយច្បាប់នៃកម្មសិទ្ធិបញ្ញានៃព្រះរាជាណាចក្រកម្ពុជា។
បងប្អូនត្រូវចាំថាសេវារបស់យើងពេលខ្លះត្រូវការផ្ញើលេខកូដបញ្ជាក់ពីលេខទូរស័ព្ទ ដោយការផ្ញើសារទៅកាន់លេខទូរស័ព្ទនោះ។ គណនីមួយត្រូវបានភ្ជាប់ដោយលេខទូរស័ព្ទមួយ ហើយអាចប្រើដើម្បីភ្ជាប់ចូលប្រើប្រាស់ សម្រាប់តែទូរស័ព្ទមួយក្នុងពេលតែមួយតែប៉ុណ្ណោះ។ សមាជិកភាពក៏ត្រូវបានផ្ដល់ជូនដោយយោងទៅតាម លេខទូរស័ព្ទដែលបានចុះឈ្មោះប្រើ ដោយបងប្អូនមិនអាចផ្ទេរសមាជិកភាពទៅកាន់លេខទូរស័ព្ទ (ឬគណនី)ផ្សេងទៀតនោះទេ។
ដើម្បីបន្តប្រើប្រាស់កម្មវិធី E-School Cambodia បងប្អូនត្រូវតែកំពុងប្រើប្រាស់នូវជំនាន់ចុងក្រោយនៃកម្មវិធី។ តែអ្វីដែលល្អនោះគឺ កម្មវិធីយើងមានទំហំតូចហើយការទាញយកក៏មិនចំណាយពេលវេលាយូរដែរ។
គណនី
គណនីអ្នកប្រើប្រាស់កម្មវិធី ត្រូវបានតម្រូវឲ្យបង្កើតឡើងមុន តាមរយៈការចុះឈ្មោះដោយការវាយបញ្ចូលលេខទូរស័ព្ទ រួមជាមួយឈ្មោះប្រើប្រាស់ដែលបងប្អូនពេញចិត្ត។ ព័ត៌មានផ្ទាល់ខ្លួនដែលយើងយកពីបងប្អូន គឺលេខទូរស័ព្ទដែលបងប្អូនប្រើសម្រាប់ចុះឈ្មោះតែប៉ុណ្ណោះ។ គណនីមួយត្រូវបានភ្ជាប់ជាមួយលេខទូរស័ព្ទតែមួយប៉ុណ្ណោះ ហើយអាចប្រើប្រាស់លើឧបករណ៍(ទូរស័ព្ទដៃ)តែមួយប៉ុណ្ណោះ ក្នុងពេលតែមួយ។
ការប្រើប្រាស់កម្មវិធី E-School Cambodia គឺក្នុងគោលបំណងប្រើប្រាស់ដើម្បីការអភិវឌ្ឍខ្លួន លើផ្នត់គំនិតនិងចំណេះដឹងបន្ថែម សម្រាប់បុគ្គលផ្ទាល់ខ្លួន ដូច្នេះបងប្អូនមិនគួរផ្ដល់គណនីរបស់បងប្អូន ទៅកាន់អ្នកដទៃនោះទេ ទោះបីជាមិត្តជិតស្និទ្ធក៏ដោយ។
ការប្រកាសទូទៅចំពោះការធានា និងចំណុចខ្វះខាត
ទៅតាមកម្រិតអតិបរមាអនុញ្ញាតដោយច្បាប់ជាធរមាន យើងព្យាយាមផ្ដល់ជូននូវសេវាកម្មល្អបំផុតតាមដែលយើងអាចធ្វើទៅបាន ហើយរាល់វីដេអូនិងមេរៀនទាំងអស់ដែលទាក់ទងនឹង សេវាកម្មនេះ ឬដំណើរការណាមួយផ្សេងទៀតដែលទាក់ទងនឹងយើង គឺត្រូវបានផ្ដល់ជូនដោយពុំគិតដល់ការខូចនិងដោយពុំមានការធានានោះទេ។ ក្នុងកម្រិតដែលអនុញ្ញាត មិនថាក្នុងករណីណាក៏ដោយ កម្មវិធី E-School Cambodia និងក្រុមហ៊ុន E-SCHOOL (CAMBODIA) CO.,LTD មិនមានទំនួលខុសត្រូវចំពោះអ្នកប្រើប្រាស់ លើការរងរបួសផ្ទាល់ខ្លួន ឬការខូចខាតជាពិសេស ដោយចៃដន្យ ឬដោយប្រយោលផ្សេងៗឡើយ។
ប្រសិនបើមានប្រការណាមួយនៃលក្ខខណ្ឌក្នុងការប្រើប្រាស់នេះ ត្រូវបានចាត់ទុកថាគ្មានសុពលភាព មិនស្របច្បាប់ ឬមិនអាចអនុវត្តបាន ប្រការទាំងឡាយដែលនៅសល់ ត្រូវតែនៅមានសុពលភាព ស្របច្បាប់ និងអនុវត្តបានដដែល។
កម្មវិធីផ្ដល់ជូនពិសេស
ពេលខ្លះកម្មវិធីយើងអាចនឹងផ្ដល់ជូនបងប្អូននូវកម្មវិធីពិសេស ដែលមានលក្ខណៈជាការបញ្ចុះតម្លៃលើមេរៀនឬតម្លៃនៃសមាជិកភាព ដែលជាទូទៅនឹងមានភ្ជាប់មកជាមួយនូវលក្ខខណ្ឌមួយចំនួន។ បងប្អូនដែលជាអ្នកប្រើប្រាស់ទាំងអស់ នឹងទទួលបានព័ត៌មានអំពីការផ្ដល់ជូនទាំងនោះ។
៩.១ សិទ្ធិថតចម្លង
E-School Cambodia អនុវត្តការការពារកម្មសិទ្ធិបញ្ញារបស់ម្ចាស់ដើម។ រាល់សេវាកម្មរបស់យើង ដែលរួមមានទិន្នន័យទាំងឡាយដែលយើងដាក់នៅក្នុងកម្មវិធី និងរាល់អ៊ីនធឺហ្វេស (interface) ដែលបានបង្កើតឡើង ដូចជាអត្ថបទ រូបភាព ក្រាហ្វិក ឡូហ្គោ រចនាបថ រូបថត សញ្ញាសម្គាល់ ប៊ូតុង សំឡេង វីដេអូ ទិន្នន័យឌីជីថល ចំណងក្រង ទិន្នន័យ និងសូហ្វែរ គឺជាទ្រព្យសម្បត្តិរបស់ E-School Cambodia ឬអ្នកផ្គត់ផ្គង់ទិន្នន័យរបស់យើង ហើយត្រូវបានការពារដោយច្បាប់ស្ដីពីកម្មសិទ្ធិបញ្ញា។
៩.២ ពាណិជ្ជសញ្ញា
E-School Cambodia គឺជាពាណិជ្ជសញ្ញាដែលបានចុះបញ្ជី របស់ក្រុមហ៊ុន E-SCHOOL (CAMBODIA) CO., LTD។
៩.៣ ការតវ៉ាចំពោះការបំពានសិទ្ធិថតចម្លង
ប្រសិនបើមានហេតុផលណាមួយដែលបងប្អូនជឿជាក់ថា សមិទ្ធផលឬកិច្ចការរបស់បងប្អូនត្រូវបានគេយកទៅផលិត ឬចែកចាយឡើងវិញតាមវិធីណាមួយដែលបំពានលើសិទ្ធីថតចម្លង ឬដឹងថាផលិតផលនៃការបំពាននោះ មាននៅលើកម្មវិធី E-School Cambodia សូមផ្ដល់ដំណឹងឲ្យយើងបានដឹងតាមរយៈ Facebook page: E-School Cambodia។
ការប្រើប្រាស់ព័ត៌មានដែលអ្នកបានផ្ដល់មកយើង
កម្មវិធី E-School Cambodia មិនមានសិទ្ធិគ្រប់គ្រាន់ក្នុងការប្រើប្រាស់នូវព័ត៌មាន និងអ្វីទាំងឡាយណាដែលបងប្អូនបានបញ្ជូនមកយើង ក្នុងទម្រង់ជាការបញ្ចេញមតិ ការរអ៊ូរទាំ ការសរសើរ និងរួមបញ្ចូលទាំងការឆ្លើយតបក្នុងកម្រងសំណួរ សម្រង់មតិ ឬការផ្សាយព័ត៌មានទៅលើគេហទំព័រ Facebook របស់យើង ក៏ដូចជានៅក្នុងកម្មវិធីទូរស័ព្ទដៃផ្ទាល់ក្ដី។ យើងមិនទទួលយកព័ត៌មាន ឬយោបល់ក្នុងទម្រង់អ្វីមួយ ដែលបញ្ជូនមកយើងដោយយើងមិនបានធ្វើការស្នើសុំនោះឡើយ ហើយក៏មិនទទួលខុសត្រូវចំពោះភាពស្រដៀងគ្នា ទៅហ្នឹងព័ត៌មានដែលបានបញ្ជូនមកយើងនោះដែរ។
ជម្រើសនៃច្បាប់
លក្ខខណ្ឌនៃការប្រើប្រាស់ទាំងនេះ ស្ថិតក្រោម និងត្រូវបានបកស្រាយ យោងតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដោយពុំគិតពីវិវាទនៃច្បាប់ ឬបទប្បញ្ញត្តិនានានោះទេ។ បងប្អូនក៏អាចមានសិទ្ធិទទួលបានការការពារ ចំពោះអ្នកប្រើប្រាស់មួយចំនួនផងដែរ ក្រោមច្បាប់នៅក្នុងប្រទេស ឬយុត្តាធិការរបស់ប្រទេសដែលបងប្អូនកំពុងរស់នៅ។
ការបម្រើអតិថិជន
យើងដែលជាក្រុមការងារនៃកម្មវិធី E-School Cambodia តាំងចិត្តបម្រើសេវាកម្ម និងដោះស្រាយរាល់បញ្ហាជូនអតិថិជន ដែលជាអ្នកប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ របស់យើងឲ្យអស់លទ្ធភាព។ ប្រសិនបើបងប្អូនជួបនូវបញ្ហាអ្វីមួយ ហើយត្រូវការជំនួយពីយើង ពាក់ព័ន្ធជាមួយការចុះឈ្មោះ ការភ្ជាប់ចូលទៅគណនី សមាជិកភាព ឬសេវាកម្មផ្សេងៗ សូមផ្ញើសារអេឡិចត្រូនិកមកយើងតាមរយៈ Facebook page: E-School Cambodia។
តំណភ្ជាប់
តំណភ្ជាប់មួយចំនួន ប្រភេទជា hyperlink ដែលមានប្រើនៅក្នុងសេវាកម្មរបស់យើង អាចនឹងនាំបងប្អូនទៅកាន់គេហទំព័រ ឬអ៊ីនធឺហ្វេសផ្សេងដែលមិនត្រូវបានគ្រប់គ្រង ដោយយើងផ្ទាល់។ ប៉ុន្តែដរាបណាកម្មវិធី E-School Cambodia មិនទាន់បានធ្វើការត្រួតពិនិត្យ លើប្រភពនោះទេ យើងមិនទទួលខុសត្រូវ លើទិន្នន័យ ឬគោលការណ៍ឯកជនរបស់ប្រភពទាំងនោះឡើយ។
អសុពលភាពជាអន្លើ
បើបទប្បញ្ញត្តិណាមួយនៃលក្ខខណ្ឌនេះ គ្មានសុពលភាព ឬមិនអាចអនុវត្តបានដោយមូលហេតុណាមួយ ឬក្នុងកម្រិតណាមួយ បទប្បញ្ញត្តិដែលនៅសេសសល់ផ្សេងទៀត នឹងនៅតែមានសុពលភាព ស្របច្បាប់ និងអាចអនុវត្តបានពេញលេញដដែល មិនថាក្នុងរូបភាពណាក៏ដោយ។
ទំនាក់ទំនងមកយើង
សម្រាប់សំណួរទាក់ទងនឹងលក្ខខណ្ឌនៃការប្រើប្រាស់នេះ សូមទាក់ទងមកយើង តាមរយៈលេខទូរស័ព្ទរបស់ក្រុមការងារ ០៩០ ៧៨៧ ៩៩៩ ឬផ្ញើជាលិខិតមកការិយាល័យរបស់យើងផ្ទាល់ ដែលស្ថិតនៅលើ ផ្លូវ២១៥ ជាប់ស្តុបអាងទឹកអូឡាំពិក សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
